latest Post

កុំភ្លេចទៅកាត់គ្រោះណា ព្រោះពិធីបុណ្យចូលឆ្នាំចិន «ឆ្នាំច» ជិតចូលមកដល់ហើយ សម្រាប់អ្នកឆុងជាមួយឆ្នាំមួយនេះ

ពិធីបុណ្យចូលឆ្នាំចិន <ឆ្នាំច> ដែលនឹងខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះហើយ។
ជាទូទៅ គេតែងសង្កេតឃើញថា មុនប៉ុន្មានថ្ងៃនៃ បុណ្យចូលឆ្នាំចិននេះ បងប្អូនប្រជាជន ខ្មែរកាត់ ខ្សែស្រឡាយចិនជាច្រើន បានរៀបចំ បោសជូតសម្អាតផ្ទះរៀងៗខ្លួន។ ជាពិសេស អ្វីដែលមិន បំភ្លេចនោះគឺរឿង «ឆ្នាំឆុង» ព្រោះបើតាមទំនៀមទម្លាប់ ប្រជាជនចិន ជាច្រើនតែងតែមានអបិយ ជំនឿ ទាក់ទង នឹងរឿងឆុងឆ្នាំយ៉ាងខ្លាំង ដោយក្នុងនោះ ពួកគេតែងគិតថា វាជាហេតុផលដែល បណ្ដាល​ឲ្យយីអ៊ុនធ្លាក់ចុះ រកស៊ី មិនរីកចម្រើន ឬមានជំងឺឈឺជាដើម។

ជាក់ស្ដែង ចំពោះប្រិយមិត្តមួយចំនួន ច្បាស់ជាធ្លាប់ជ្រាបហើយថា សត្វខ្លាស នៅឯរមណីយដ្ឋាន ប្រវត្តិសាស្រ្តវត្តភ្នំ ក្នុងរាជធានី​ភ្នំពេញយើងនេះ អាចជួយចម្លងគ្រោះ ឆ្នាំឆុងដល់ប្រជាប្រុសស្រី យើងបានយ៉ាងដ៏ពូកែស័ក្តិសិទ្ធិ។ ព្រោះទីនោះ ជាកន្លែងសក្ការៈ បូជាដែល គេតែងល្បីតៗគ្នាថា បារមីសត្វខ្លាសនេះ នឹងអាចជួយរំដោះគ្រោះទាំងឡាយ ដល់អ្នកដែលមានឆ្នាំឆុង ។


ចុះសម្រាប់ឆ្នាំថ្មី «ឆ្នាំច» នេះវិញ តើមានឆ្នាំអ្វីខ្លះដែលឆុង ហើយគួរធ្វើបែបណា ដើម្បីកាត់គ្រោះ ស៊យទាំងនោះ?​ឃើញដូច្នេះសារ​ព័ត៌មានក្នុងស្រុកមួយ ក៏បានធ្វើកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ លោកតាឡា ដែលជាអាចារ្យជួយកាត់គ្រោះសរាប់អ្នកដែលមានឆ្នាំឆុង ប្រចាំការ នៅរមណីយដ្ឋាន​វត្តភ្នំនោះតែម្ដង។

លោកតា ឡា អាចារ្យកាត់គ្រោះនៅវត្តភ្នំ

លោកតាបានឲ្យដឹងថា តាមក្បួនចិនចូលឆ្នាំចិន ឆ្នាំចរ ឆ្នាំ២០១៨នេះ មានឆ្នាំឆុងចំនួន៤ នោះគឺឆ្នាំ ច ឆ្នាំរោង ឆ្នាំមមែ និងចុងក្រោយ​គឺឆ្នាំឆ្លូវ ប៉ុន្តែឆ្នាំដែលឆុងខ្លាំងជាងគេ ដល់ទៅ១០០ភាគរយ នោះគឺឆ្នាំរោង នេះតែម្ដង បន្ទាប់មកមានឆ្នាំមមែ ឆ្នាំច និងឆ្នាំឆ្លូវ គឺឆុង​៥០ភាគរយ តែប៉ុណ្ណោះ។
លោកតា វ័យជាងហាសិបឆ្នាំ រូបនេះនេះ ក៏បានបន្ថែមទៀតថា ជាទូទៅ រាល់ពេលចប់ថ្ងៃសែននំអ៉ី​(បុណ្យចិន) តែងតែមាន ប្រជា​ប្រុសស្រី ដែលជាប់ខ្សែស្រឡាយចិន មកជាបណ្ដើរៗ ដើម្បីកាត់​គ្រោះចង្រៃទាំងនោះ ។ បើតាមទំនៀមទំលាប់ បុគ្គលអ្នកឆុងឆ្នាំ ឬអ្នកដែលចង់ឲ្យសត្វខ្លាស រំដោះ​គ្រោះឲ្យទាំងអស់ ត្រូវមានដង្វាយសំខាន់៣មុខ យកពីណា​ក៏បាន ដែលមានដូចជា សាច់ជ្រូកមួយ​ដុំ ស៊ុត និងយីហ៊ឺក្រៀម ព្រមទាំងក្រដាសសែន ផ្លែឈើ ទៀនធូប។

ក្នុងនោះដែរ លោកតា ក៏បានប្រាប់អំពីវិធីរំដោះគ្រោះខ្លះៗ សម្រាប់អ្នកដែលមានឆ្នាំឆុងទាំងអស់ អាចអនុវត្តន៍វាបានដោយខ្លួនឯង ដោយត្រូវយកស៊ុត (ពងមាន់ឬពងទា) ចំនួន២គ្រាប់ សាច់ជ្រូកបី​ជាន់ (ឆៅ) ទៅសែននៅទីណាក៏បាន ឲ្យតែមានរូបសំណាកខ្លាស ប៉ុន្តែបើរូបសំណាកខ្លាស នៅក្នុង​វត្តទើបស័ក្តិសិទ្ធិជាង រួចអុជធូបចំនួន៣សរសៃ និយាយបែរបន់។ បន្ទាប់មកយកសាច់ជ្រូកបីជាន់​ញាត់ ចូលមាត់ រូបសំណាកខ្លាស រួចយកពងទៅគោះជាមួយនឹងក្បាល រូបសំណាកខ្លាស ឲ្យបែក ទើបយកពងនោះ ទៅគប់ចោលដើម្បីឲ្យ គ្រោះស៊យចេញឆ្ងាយ ទៅតាមនោះ។ ការធ្វើបែបនេះ អាចជួយរំដោះគ្រោះទាំងពួង ដែលអាចកើតឡើងជា យថាហេតុ ដូច្នេះជនប្រុសស្រីដែលមានឆ្នាំ​ឆុង សូមប្រញាប់ មកកាត់គ្រោះ ដើម្បីសេចក្ដីសុខអ្នកទាំងអស់គ្នា។ ជាមួយគ្នានេះដែរ លោកតា​ឡា​ ក៏បានបន្តថា យ៉ាងណាមិញសម្រាប់អ្នកដែលរវល់ គ្មានពេលទំនេរទេ អាចធ្វើកិច្ចជំនួសដោយ​ឲ្យអ្នកផ្ទះយកសម្លៀកបំពាក់ រូបថតបុគ្គលដែលមានឆ្នាំឆុងដូចបានរៀបរាប់ខាងលើ មករៀបចំ​ពិធី រំដោយគ្រោះជំនួសក៏បានដែរ។ ដោយឡែក ក្នុងករណីអ្នកដែលខកខានមិនបានមកកាត់គ្រោះ​នោះទេ គ្រោះចង្រៃទាំងនោះអាចធ្វើឲ្យយើងជួបរឿងមិនល្អ ដូចជាអាចនឹងជួបគ្រោះថ្នាក់តាម​ផ្លូវក៏ថាបាន ឬរឿងល្អប្ដូរទៅជាអាក្រក់ ពេលខ្លះអាចនឹងមានការទាស់ទែងពាក្យសម្ដីគ្នានិងឈាន ដល់ការ​ប្រើហិង្សាទៀតផង។ ជាក់ស្ដែង មានអ្នកខ្លះខំប្រុងប្រយ័ត្នណាស់ដែរ តែបើគ្រោះមកដល់​ទោះខំគេច ក៏មិនផុត ដូច្នេះវិធីដ៏ល្អបំផុត គឺត្រូវរៀបចំពិធីនេះ​ឲ្យបានរស់រាន់ទាន់ពេល ហើយក៏ត្រូវ​មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេល ខ្លូនកំពុងមានឆ្នាំឆុងបែបនេះ។ បន្តឆ្លើយមកកាន់ក្រុម​ការងាររបស់ អ្នកសារព័ត៌មាន លោកតាបាននិយាយទៀតថាចំពោះចំអាប ក្លិន កាកសំណល់ ដែលបន្សល់ពី​ការរៀបពិធីកាត់គ្រោះនេះ តែងត្រូវបានលោកតាក៏ដូចជាអ្នកសម្អាតនៅទីនោះតែង​បោស ជូត លាង ជារៀងរាល់ថ្ងៃ មិនឲ្យមានក្លិនមិន​ល្អ កើតឡើងនេះឡើយ។​ ពាក់ព័ន្ធ នឹងផ្លូវងងឹត​លោកតាក៏បានបន្តដែរថា សម្រាប់អ្នកតាមថែរក្សានៅទីនេះ មិនដែលប្រកាន់ទោសទាន់ អ្វីនោះទេ ព្រោះយើងក៏មិនបានទៅរំខាន សុខទុក្ខអ្វីគេដែល គ្រាន់តែរៀបពិធីរំដោយគ្រោះ សន្សំសុខ ដូច្នេះ​នេះមិនមែនជាបញ្ហាចោទ​នោះទេ។ លោកតាក៏បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ចំពោះបច្ច័យដែល​បងប្អូនបានជូនលោកតា មិនត្រូវបានកំណត់នោះទេ នេះជាទឹក​ចិត្ត របស់បងប្អូនកូនក្មួយដែលមក​កាត់គ្រោះតែប៉ុណ្ណោះ៕


About Unknown

Unknown
Recommended Posts × +

ស្វែងយល់ពីបុត្រីទាំង៧ របស់កបិលមហាព្រហ្ម

កបិលមហាព្រហ្ម មានបុត្រី ៧រូប៖ ១. ថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី · គ្រឿងប្រដាប់បទុមរាគ សៀតផ្កាទទឹម · ភត្ថាហារផ្លែឧទម្ភរ(ល្វា) ...