លោកបណ្ឌិត កេង វ៉ាន់សាក់ (Keng Vansak) គឺជាអ្នកបង្កើតពុម្ពអក្សរខ្មែរសម្រាប់ប្រើក្នុងម៉ាស៊ីនអង្គុលីលេខនិងធ្លាប់ បាននិពន្ធសៀវភៅស្រាវជ្រាវវប្បធម៌ អក្សរសាស្ត្រ រឿងល្ខោន កំណាព្យ និងរឿងខ្លីៗតាំងពីទសវត្សរ៍ ១៩៤០។ លោក កេង វ៉ាន់សាក់ បានទទួលមរណៈភាពដោយសារជំងឺទឹកចូលសួត នៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣។
លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។ លោកបានរៀបការជាមួយស្រ្តីជនជាតិបារាំង ហើយចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯប្រទេសបារាំង រហូតដល់ថ្ងៃលោកទទួលមរណៈភាព។
លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង សុីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង សុីផាន់ ផង ដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះ ហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោកតាំងពី កុមារភាពរហូតមក។
ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ សុីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ សុីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។ តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំងបណ្ដាលដោយ សូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុមរាជវង្សក្នុង ព្រះរាជវាំង។ ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ចោល។ ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែលបានផ្ដល់ដោយ អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។ រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់នោះធ្លាប់ ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិងថែទាំលោកជារៀង រហូតមក។
នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការរងបានចាញ់ឆ្នោតគណបក្ស សង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំនិងបេក្ខជនក្នុងគណបក្ស សង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិកក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។
នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុងការចាត់ចែង អក្សរសាស្រ្ដជាតិ ពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈមហាវិទ្យាល័យ ព្រះសីហនុរាជ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ទទួលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬអ្នកដឹកនាំ ដទៃទៀតឡើយ គឺទាស់ទាំងតែពីជាមួយព្រះករុណា ទាស់ជាមួយព្រះសង្ឃរាជ ទាស់ជាមួយលោកសេនាប្រមុខ លន់ នល់ ទាស់ជាមួយលោក លន់ ណុន ទាស់ជាមួយលោក ហង្ស ធនហាក់ ទាស់ជាមួយនរណានរណីគ្រប់គ្នាទាំងអស់។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួចចាកផុតពីការ ត្របាក់យកនៃពួកបរទេសឡើយ។
ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាតសម្លាប់មនុស្ស រាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។
តាមប្រភពខ្លះបានអះអាងថា លោក កេង វ៉ាន់សាក់ ក៏ជាមេខ្មែរក្រហមដ៏សំខាន់ម្នាក់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរ។ ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាសុីសេរី មុន ការចាប់ខ្លួនរបស់តុលាការខ្មែរក្រហមអតីតប្រធានរដ្ឋសភានៃរបបកម្ពុជា ប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
អត្ថបទដកស្រង់ពី៖ មរតកកម្ពុជា