រឿងរ៉ាវឈ្មោះ ភូមិតិរច្ឆាន និងព្រឹត្តិការណ៍ងើបបះបោររបស់ប្រជាកសិករនៅភូមិក្រាំងលាវ ព្រួតគ្នាវាយសម្លាប់ទេសាភិបាលបារាំងម្នាក់ឈ្មោះ បាដេស៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥
សង្រ្គាមលោកលើកទីមួយបានផ្ទុះឡើងក្នុងឆ្នាំ១៩១៤ ដល់១៩១៩ ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមបារាំង ប្រជារាស្ត្រខ្មែរត្រូវរងទុក្ខវេទនាដោយត្រូវពួកអាណានិគមកេណ្ឌឲ្យទៅជួយច្បាំង ប្រឆាំងនឹងអាឡឺម៉ង់។ ទន្ទឹមនឹងនោះដែរ ការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជារៀងរាល់ខែ ធ្វើឲ្យប្រជារាស្រ្តមានការក្តៅក្រហាយយ៉ាងខ្លាំង។
នៅខេត្តកំពង់ឆ្នាំងក៏ដូចជាខេត្តដទៃៗទៀតដែរ ប្រជារាស្រ្តមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួសារមួយត្រូវព្រាត់ប្រាសប្រពន្ធ កូន។ ប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់ពីរនាក់ឈ្មោះ ជួន និងឈ្មោះនៅ បានរៀបចំគម្រោងការសម្លាប់រ៉េស៊ីដង់បាដេស៍ដែលអនុវត្តន៍អំពើយង់ឃ្នងព្រៃផ្សៃ នៅពេលដែលចុះទារពន្ធដារម្តងៗ។ ចលនារបស់ជួន និងនៅ ក៏មានការចូលរួមពីក្រុមអ្នកក្លាហានចំនួន ២០នាក់ផ្សេងទៀតផងដែរ។
លុះដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ រ៉េស៊ីដង់បាដេស៍ បានចេញដឹកនាំទារពន្ធដារដោយខ្លួនឯង ហើយការទារពន្ធដារបានមកដល់ភូមិក្រាំងលាវ ដោយមានកងរក្សាសន្តិសុខឈ្មោះឡាច និងអ្នកដាំស្លឈ្មោះ បោយ មកជាមួយផង។ ពេលនោះបាដេស៍ មានទំនាស់ជាមួយនាងនី និងនាងប៊ី។ ក្នុងសភាពការណ៍បែបនេះ បានជាឱកាសមួយដែលធ្វើឲ្យអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រ៉េស៊ីដង់បាដេស៍ ដោយឥតញញើតដៃ។ ក្នុងនោះនៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងនោះទៅរាយការណ៍នៅ ក្រុងកំពង់ឆ្នាំង។
ក្រោយពីសម្លាប់បាដេស៍ និងសហការីរួចមកក្រុមអ្នកក្លាហានមានបំណងចេញទៅក្រុងកំពង់ឆ្នាំងទៀត ប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់ មានស្លាប់ខ្លះ អ្នកខ្លះរត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែ។ អ្នកក្លាហានត្រូវបានគេបាញ់ស្លាប់ក្នុងនោះមានឈ្មោះ នៅ រីឯឈ្មោះ ជួន ត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាច ចំណែកឯប្រជាជនត្រូវរត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃ។
រឿងសម្លាប់បាដេស៍ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់លោករេស៊ីដង់ស៊ុបបេរីយ័របារាំង ឈ្មោះបូដ្វាំង ហើយលោក បូដ្វាំង បានកោះប្រជុំជាបន្ទាន់ ព្រមទាំងបានធ្វើព្រះរាជប្រកាសមួយ ថ្វាយព្រះបាទស៊ីសុវត្ថិ ឲ្យប្តូរឈ្មោះពីភូមិក្រាំងលាវ ទៅជាភូមិតិរច្ឆានវិញ អស់រយៈពេលយ៉ាងតិច១០ឆ្នាំ ព្រមទាំងបង្គាប់ឲ្យសាងសង់ចេតិយព្រះកែវមរកត និងធ្វើបុណ្យនៅថ្ងៃទី១៨ ខែមេសា ជារៀងរាល់ឆ្នាំ។
ដូច្នេះភូមិតិរច្ឆាន គឺជាចំណងដៃដល់អ្នកស្រុកក្រាំងលាវ បន្ទាប់ពីបានសម្លាប់បាដេស៍ម្នាក់នោះមក ហើយភូមិតិរច្ឆាន ក៏ជាកេរមត៌ករបស់អាណានិគមបារាំង ផងដែរ បន្ទាប់ពីបានចូលមកដាក់អាណានិគមន៍លើប្រទេសកម្ពុជានៅចុងសតវត្សទី១៩។
នៅរវាងឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៦៥ ប្រវត្តិនៃការងើបបះបោរប្រឆាំងនឹងបារាំងពីក្រុមអ្នកតស៊ូខ្មែរ ដែលមានជួន និងនៅ ជាមេដឹកនាំនេះ ដើម្បីទាមទារសិទ្ធិសេរីភាព ព្រមទាំងព្រឹត្តិការណ៍ឈានទៅដល់ការប្តូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិ តិរច្ឆាន ។ល។ និង។ល។ ត្រូវបានអ្នកនិពន្ធពីរនាក់គឺ លោក ឌឹក គាម និងលោក ឌឿក អំ រួមគ្នារៀបរៀង និងចងក្រងជាសាច់រឿងមួយឡើង ដោយដាក់ចំណងជើងថា “រឿងភូមិតិរច្ឆាន” ហើយបានចេញផ្សាយជាសាធារណៈនៅឆ្នាំ១៩៧១។
រឿងភូមិតិរច្ឆាន គឺជាប្រលោមលោកមួយបែបប្រវត្តិសាស្ត្រ ដែលបានរៀបរាប់ពីការជិះជាន់ គាបសង្កត់ កេងប្រវ័ញ្ច ពីសំណាក់ពួកអាណានិគមបារាំង និងបានរៀបរាប់ពីទុក្ខវេទនា និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា នៅសម័យនោះ។ មូលបញ្ហាសំខាន់ៗក្នុងរឿងនេះគឺ បារាំងដំឡើងពន្ធដារកាន់តែខ្ពស់ និងចាប់ប្រជាជនដាក់ខ្នោះឃ្នាង គ្រោះរាំងស្ងួត រាស្ត្រធ្វើស្រែមិនបាន ការងើបបះបោរប្រឆាំងនឹងបារាំងពីក្រុមអ្នកតស៊ូខ្មែរ ដើម្បីទាមទារសិទ្ធិសេរីភាព ការប្តូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆាន។ល។
រឿងភូមិតិរច្ឆាន ពុំមែនជារឿងយល់សប្តិ របស់អ្នកនិពន្ធនោះទេ ប៉ុន្តែគឺជារឿងពិតនៅដើមសតវត្សទី២០នេះ។ សាច់រឿងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ទំនាស់ដ៏ស្រួចស្រាល់រវាងប្រជាកសិករខ្មែរ ដែលរងការជិះជាន់កេងប្រវ័ញ្ចយ៉ាងខ្លាំងក្លាជាមួយពួកអាណានិគមបារាំង។ ចំណែកឯព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩២៥ របស់ប្រជាជនឃុំក្រាំងលាវ នោះទៀតសោត គឺជាព្រឹត្តិការណ៍មួយបានទាក់ទាញចិត្តអ្នកនិពន្ធ ក្នុងការសរសេរនិពន្ធស្នាដៃនេះឡើង ដើម្បីដាស់សតិស្មារតីប្រជាជន ឲ្យនឹកឃើញជាប់ជានិច្ចនូវប្រវត្តិយ៉ាងឈឺចាប់ខ្លោចផ្សា ដែលពួកអាណានិគមបង្កឡើងនោះ។ តាមរយៈព្រឹត្តិការណ៍ថ្ងៃទី១៨ ខែមេសា នឹងបង្ហាញអ្នកអានជ្រាប អំពីចលនាបាតុកម្មមួយ ប្រឆាំងទល់នឹងអាណានិគមបារាំងសែស នៅឆ្នាំ ១៩២៥។ ចលនានេះ មានសភាពឃោរឃៅ គួរឲ្យរំភើបក្រៃលែង ដែលបានផ្ទុះឡើងពីចំណោមកសិករខ្មែរសុទ្ធសាធ នៅភូមិក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់អ្នកក្លាហានពីរនាក់ គឺឈ្មោះ ជួន និងឈ្មោះ នៅ ដែលមានដើមកំណើត និងទីលំនៅ នៅភូមិបន្ទាយអំពិល ឃុំព្រៃខ្មែរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
រឿងភូមិតិរច្ឆាន គឺពិតជាបានទាញអារម្មណ៍អ្នកអានឲ្យនឹកឃើញពីការគ្រប់គ្រងរបស់អាណានិគមបារាំង ដែលសង្កត់ប្រជាជនកម្ពុជា ជិតមួយសតវត្ស។ ទន្ទឹមនឹងនោះ ក៏បានបំផុសកំហឹងឈឺចាប់ដល់អ្នកអានពីទារុណកម្មដ៏សែនឃោរឃៅរបស់អាណានិគមបារាំង មកលើប្រជាជនស្លូតត្រង់។
ឆ្លងកាត់បទពិសោធជូរចត់ជាច្រើន នៅសម័យអាណានិគម អ្នកនិពន្ធបានពញ្ញាក់ស្មារតីប្រជាជន ឲ្យប្រុងប្រយ័ត្នចំពោះនឹមថ្មីមួយទៀត របស់ចក្រពត្តិអាមេរិក ដែលមានពិសពុលជាងអាណានិគមបារាំងទៅទៀត។ អ្នកនិពន្ធបានផ្សព្វផ្សាយរឿងនេះឡើងក្នុងពេលចក្រពត្តិអាមេរិក កំពុងដាក់នឹមត្រួតត្រាលើប្រទេសកម្ពុជាយើង។
រឿងភូមិតិរច្ឆាន ក៏បានវែកមុខពួកចោរប្លន់ទឹកដី ប្លន់សេរីភាពប្រជាជន ហើយក៏បានបកអាក្រាត មុខមាត់យ៉ាងអសោចរបស់បនអាយ៉ងបម្រើបារាំង ដែលមិនគ្រាន់តែធ្វើតាមខ្សែញាក់របស់ចៅហ្វាយប៉ុណ្ណោះទេ ថែមទាំងខំធ្វើឲ្យបានលើសទៀត ដើម្បីផ្គាប់ផ្គុនចៅហ្វាយនាយ ហើយក្លាយខ្លួនជាឧបករណ៍ជិះជាន់ដាច់ថ្លៃនៃពួកឈ្លានពាន។ អំពើជិះជាន់ សង្កត់សង្កិន ដ៏ឃោរឃៅរបស់អាណានិគមបារាំង មកលើប្រជាជនកម្ពុជាទាំងមូល ជាពិសេសរបស់លោកបាដេស៍មកលើអ្នកភូមិក្រាំងលាវ បានបណ្ដាលឲ្យមានប្រតិកម្មពីសំណាក់មហាជនប្រជាកសិករ ដែលបានក្រោកឈរឡើងវាយបកទៅវិញយ៉ាងខ្លាំងក្លា។
យោលលើខ្លឹមសាររឿង ភូមិតិរច្ឆាន ស្ថិតនៅក្នុងប្រភេទអក្សរសិល្ប៍តថនិយមរិះគន់ ដែលលើកឡើងត្រឹមចលនាតស៊ូរំដោះជាតិ មិនទាន់ដល់រំដោះវណ្ណៈទេ។ នេះជាក្រឹត្យក្រមនៃបដិវត្តន៍សង្គម ក្នុងករណីប្រទេសជាតិរងការត្រួតត្រាពីពួកអាណានិគម។
សរុបជារួម រឿង ភូមិតិរច្ឆាន ជាព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងប្រវត្តិសាស្ត្រ ហើយព្រឹត្តិការណ៍ថ្ងៃ១៨ ខែមេសា ឆ្នាំ១៩២៥ ក៏បានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏ជូរចត់មួយដែរ ដល់អ្នកស្រុកក្រាំងលាវ ខេត្តកំពង់ឆ្នាំង តាមរយៈព្រះរាជប្រកាសចុះថ្ងៃទី ២៧ មេសា ឆ្នាំ១៩២៥ ដែលបង្គាប់ឲ្យហៅឈ្មោះភូមិក្រាំងលាវថា ភូមិតិរច្ឆាន។
អត្ថបទដកស្រង់ពី៖ មរតកកម្ពុជា