វិហារសសរ១០០ គឺជាវត្តល្បីមួយដោយសារប្រវត្តិ និងជាកន្លែងសក្ការៈបូជាមួយសម្រាប់ប្រជាជនក្នុងខេត្តក្រចេះ។
វិហារសសរ១០០ មានន័យថា «ប្រាសាទ មានសសរ១០០»។ វត្តវិហារសសរ១០០ មានទីតាំងស្ថិតនៅក្បែរមាត់ទន្លេមេគង្គត្រើយខាងកើតក្នុងឃុំសំបូរ ស្រុកសំបូរ ចម្ងាយពីទីរួមខេត្តក្រចេះ ៣៦គ.ម។ ដើម្បីទៅដល់ទីនោះ យើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ចាស់ តាមបណ្តោយមាត់ទន្លេ២៤គ.ម ដើម្បីទៅដល់ភូមិសណ្តាន់ និងបន្តទៅខាងជើង ១២គ.មទៀត ដោយផ្លូវទន្លេ ទើបទៅដល់ស្រុកសំបូរ។
វត្ដនេះត្រូវបានសាងសង់នៅសម័យព្រះបាទអង្គចន្ទរាជាទី២ ក្នុងសតវត្សទី១៦ ដើម្បីឧទ្ទិសដល់បរមីវិហារសសរ ១០០ ដើម្បីថែរក្សាព្រលឹងព្រះនាងវរភ័ក្ត្រ ឬក្រពុំឈូក បុត្រីព្រះអង្គ ដែលត្រូវក្រពើនេនធន់សុី។ ព្រះវិហារសសរ១០០ បែរមុខទៅទិសខាងជើង ខុសពីព្រះវិហារដទៃទៀត។
បើតាមរឿងតំណាល វិហារសសរ១០០ បានកសាងឡើងក្នុងសតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ទ្រង់គង់នៅអតីតរាជធានីឧត្តុង្គ។ ទ្រង់មានព្រះរាជបុត្រីមួយអង្គ ព្រះនាម វរភ័ក្ត្រ។ នៅពេលដែលព្រះរាជបុត្រីប្រឈួន ទ្រង់បានបញ្ជាឲ្យគេទៅនិមន្តព្រះចៅអធិការវត្តនាគសែន (មានទីតាំងនៅឃុំច្រោយបន្ទាយ ស្រុកព្រែកប្រសប់) ដើម្បីព្យាបាលជំងឺរបស់ព្រះរាជបុត្រី។
នៅពេលដែលព្រះចៅអធិការមិននៅ នេនធន់ ជាសិស្សសំណប់របស់គាត់ បានលួចរៀនវិជ្ជាមន្តអាគមស្ងាត់ៗ ហើយបានក្រឡាខ្លួនទៅជាសត្វក្រពើហៅថា «ក្រពើនេនធន់»។ ពេលដែលគ្រូបានមកដល់វិញ នេនធន់បានក្លាយទៅជាក្រពើ និងមិនអាចត្រលប់មកក្លាយជាមនុស្សវិញបានទេ។
ក្រោយមក គាត់តែងតែដឹកគ្រូនៅលើខ្នង ដើម្បីទៅព្យាបាលជំងឺបុត្រីរបស់ស្តេចជារឿយៗ។ ថ្ងៃមួយ មានក្រពើមួយឈ្មោះសុពណ៌កាឡី ចង់ផ្ចាញ់នេនធន់ ក៏បានបង្អាក់ដំណើរនេនធន់ នៅពេលកំពុងតែដឹកគ្រូមកពីវាំងវិញ។
ក្រពើទាំងពីរបានចាប់ផ្តើមវាយប្រហារគ្នា។ នេនធន់មិនអាចរកវិធីជួយគ្រូបាន ក៏សម្រេចចិត្តលេបគ្រូចូលក្នុងពោះ ដើម្បីរក្សាសុវត្ថិភាពមួយរយៈ។ ការប្រយុទ្ធគ្នា អស់រយៈពេល៣ថ្ងៃ ៣យប់ ហើយចុងក្រោយ សុពណ៌កាឡី បានចាញ់ និងស្លាប់បាត់ទៅ និងបានក្លាយទៅជាភ្នំ ដែលមានឈ្មោះថា ភ្នំសុពណ៌កាឡី មកដល់សព្វថ្ងៃ។
នៅពេលនេនធន់ ខ្ជាក់គ្រូចេញមកពីពោះវិញ គាត់បានសុគតបាត់ទៅហើយ។ នេនធន់ មានអារម្មណ៍សោកស្តាយជាខ្លាំង ហើយចង់សម្លាប់បុត្រីរបស់ស្តេច ដោយគិតថាមកពីនាងជាដើមហេតុធ្វើឲ្យគ្រូរបស់គាត់ស្លាប់។ នេនធន់ លួចលេបបុត្រីរបស់ស្តេចចូលក្នុងពស់ ដែលកំពុងតែលេងនៅមាត់ទឹកក្នុងព្រះរាជវាំង។ ព្រះអង្គច័ន្ទរាជា បញ្ជាឲ្យគេទៅតាម នេនធន់ រហូតចាប់បាននេនធន់នៅកន្លែងមួយហៅថា សំបូរ ហើយវះពោះ ក្រពើនោះ ដើម្បីយកបុត្រីចេញមកក្រៅ។
ព្រះអង្គបានសម្រេចចិត្តបញ្ចុះសពរបស់នាងនៅសំបូរ ហើយសាងសង់វត្តសសរ១០០ ដើម្បីឧទ្ទិសដល់ វិញ្ញាណក្ខ័ន្ធរបស់បុត្រី។ វិហារសសរ១០០ បានក្លាយទៅជាកន្លែងសក្ការៈបូជាមួយសម្រាប់ប្រជាជនក្នុងខេត្តក្រចេះ។
បន្ថែមពីលើនេះទៀត បើតាមរឿងតំណាលអំពីប្រវត្តិទង់ក្រពើ តាមលំនាំសាច់រឿងព្រះនាងក្រពុំឈូកបានរៀបរាប់ថា នៅក្នុងរាជស្តេចអង្គចន្ទ័ទី២ ព្រះអង្គមានបុត្រីមួយព្រះអង្គ ព្រះនាមម្ចាស់ក្សត្រី ក្រពុំឈូក ប៉ុន្តែកាលទ្រង់ព្រះជន្មបាន១៦វស្សា ក៏ត្រូវក្រពើមួយដ៏ធំ ឈ្មោះអាធន់ បានចាប់លេបទាំងរស់ ។
ស្តេចបិតារបស់ព្រះនាង ក្រពុំឈូក បានចាត់ការផ្សងកន្ទោងខៀវ ដេញតាមក្រពើ នេនធន់ អស់ពេលវេលាច្រើនថ្ងៃ។ លុះដល់ថ្ងៃទី៧ ក៏ចាប់ក្រពើនេះបាននៅខេត្តក្រចេះ។ ដោយមាតានៃក្សត្រី ក្រពុំឈូកនេះ នឹកស្រឡាញ់កូនខ្លាំងពេក ក៏អោយគេវះក្រពើយកបុត្រ ចេញមកភ្លាម ប៉ុន្តែទោះជាយ៉ាងណាក្សត្រីក្រពុំឈូកបានសុគត បាត់ទៅហើយ។
ក្រោយមកទៀត ស្តេចបិតាបានអោយគេ សាង់សង់វិហារមួយត្រង់កន្លែងវះក្រពើនេនធន់នោះ ដោយធ្វើសសរដល់ទៅ១០០ ។ នៅពីមុខវិហារសសរ១០០ ស្តេចបានអោយគេធ្វើចេតិយមួយយ៉ាងធំ ហើយដើរចាប់ស្ត្រីមានផ្ទៃពោះ២០នាក់ មកសម្លាប់យកក្បាលមកធ្វើជាគ្រឹះ ចេតិយហើយអោយសាងរូបក្សត្រីក្រពុំឈូកឈរលើចេតិយ ហើយអោយគេយកស្បែក ក្រពើនេនធន់ ទៅពន្លះឆ្កាងទាំងអស់នៅក្បែរចេតិយនោះផង។
តាមសេចក្តីដំណាលរបស់អ្នកស្រុក ជំនាន់ ដើម គ្មានអ្នកណាម្នាក់ហ៊ានដើរកាត់មុខចេតិយនោះទេ បើស្ត្រីមានផ្ទៃពោះ ដើរកាត់មុខនឹងត្រូវស្លាប់ភ្លាម។ រហូតដល់ក្រោយទៀត អោយតែមានពិធីបុណ្យសពគេតែងចងទង់ក្រពើជានិច្ច។ បច្ចុប្បន្នដោយសារស្បែកក្រពើថ្លៃ ទើបគេយកក្រណាត់កាត់ជារាងក្រពើមកធ្វើជំនួសវិញ។
រយៈពេលក្រោយមក ព្រះវិហារត្រូវបានបំផ្លាញដោយរន្ទះបាញ់ ដែលបានធ្វើឲ្យសសរ ២២ ដើមឆេះអស់ ហើយព្រះពុទ្ធបដិមាប្រឡាក់ដោយផ្សែងភ្លើង។ ដោយសារគ្រោះធម្មជាតិនោះ ប្រជាជននៅទីនោះបានស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ ៧៨ដើមទេ។ រហូតមកដល់ឆ្នាំ១៩៧៨ ព្រះវិហារសសរ ១០០ ត្រូវបានរុះរើសាងសង់ឡើងវិញ ដោយមានបណ្ដោយ៣៥ម៉ែត្រ ទទឹង១៨ម៉ែត្រ កម្ពស់២៣ម៉ែត្រ និងសសរ១១៦ដើម។ ព្រះវិហារសសរ ១០០ ថ្មីនេះត្រូវបានស្ថាបនារួចរាល់ និងបច្ចុះសីមានៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៩៨។
បើទោះជាតឹកតាងចាស់ត្រូវបានបាត់បង់អស់ និងជំនួសមកវិញនូវសំណង់ថ្មីរចនាបទតាមបែបសម័យទំនើបក៏ដោយ ប៉ុន្តែទីអារាមដែលកើតចេញពីទីបញ្ចុះសពបុត្រីសំណព្វក្សត្រអង្គចន្ទរាជាទី២ វត្តសរសរ ១០០ រក្សាបាននូវកិត្តិនាម និងទាក់ទាញលំហូរភ្ញៀវទេសចរចូលគោរពបូជាសុំសេចក្តីសុខ និងសិក្សាពីប្រវត្តិ វត្តដ៏ចំណាស់នេះ មិនដែលលស់ថ្ងៃឡើយ ពិសេសភ្ញៀវបរទេសក៏ចាប់អារម្មណ៍ផងដែរ។
អត្ថបទដកស្រង់ពី៖ មរតកកម្ពុជា