ក្នុងប្រព័ន្ធហិរញ្ញវត្ថុធនាគារ អ្នកប្រាកដជាធ្លាប់លឺនិងឃើញ កាតធនាគារជាប្រភេទ Debit Card និង Credit Card។ វាកំពុងពេញនិយមពីមនុស្សជាច្រើន នាពេលបច្ចុប្បន្នដែលប្រើប្រាស់ក្នុងការទូទាត់ សំរាប់ការទិញទំនិញ កត់សណ្ឋាគារ រឺវិក្ក័យបតតាមភោជនីយដ្ឋាននានា។ ជាមួយគ្នានេះដែរ ក៏មានប្រិយមិត្តមួយចំនួន នៅមានភាពស្រពិចស្រពិល លើវត្ថុប្រើប្រាស់ក្នុងប្រតិបត្តិការសេវាធនាគារនោះ។ Debit Card និង Credit Card គឺជាកាតធនាគារ ដែលគេប្រើប្រាស់សម្រាប់ចូលទៅកាន់ សមតុល្យគណនីធនាគារ តាមរយៈប្រព័ន្ធអេឡិចត្រូនិក ទៅធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ ឬសេវាផ្សេងៗ និងអាចប្រើដកសាច់ប្រាក់ពីទូម៉ាស៊ីន ATM បាន។ ខាងក្រោមនេះជាភាពខុសប្លែកគ្នា អំពី កាតឥណពន្ធ (Debit Card) និង កាតឥណទាន (Credit Card) ដែលគេនិយមប្រើសព្វថ្ងៃ៖
Debit Card ឬកាតឥណពន្ធ
Debit Card គឺជាកាតធនាគារដែលតម្រូវឲ្យ ម្ចាស់គណនីចាំបាច់ត្រូវមានគណនីចរន្តក្នុងធនាគារ (កុងធនាគារ) និងតម្រូវឲ្យមានសាច់ប្រាក់ក្នុងកុងធនាគារជាមុនសិន ដើម្បីអាចប្រើប្រាស់កាតទៅទូទាត់ថ្លៃទំនិញ សេវាផ្សេងៗ។ ចំពោះការទូទាត់ថ្លៃសេវាកម្ម រឺទិញទំនិញផ្សេងៗ ក៏ដូចជាការដកសាច់ប្រាក់តាមម៉ាស៊ីន ATM គឺអ្នកអាចដកបានត្រឹមតែចំនួនសាច់ប្រាក់ ដែលមានក្នុងកុងធនាគារប៉ុណ្ណោះ។ លើសពីនេះទៅទៀត គេអាចប្រើ Debit Card ឬ កាតឥណពន្ធ ទូទាត់ទំនិញ សេវា បាននៅបណ្ដាប្រទេសជាច្រើនលើពិភពលោក នៅតាមភោជនីយដ្ឋាន ហាងទំនិញ ការទិញទំនិញអនឡាញ ដែលទទួលយកការទូទាត់ជាមួយ Visa Card ឬ Mastercard ក្នុងចំនួនទឹកលុយ ដែលអ្នកមានក្នុងកុងធនាគាររបស់អ្នកតែប៉ុណ្ណោះ។ ក្នុងប្រទេសកម្ពុជាយើង អ្នកប្រើប្រាស់ទូទាត់ ច្រើនជាង ៨០ ភាគរយ គឺប្រើប្រាស់កាតឥណពន្ធនេះ ឬ Debit Card។
![]() |
នេះជារូបតំណាង Visa Debit Card របស់ធនាគារអេស៊ីលីដា |
Credit Card គឺជាកាតធនាគារមួយប្រភេទផ្សេងដែល គេអាចទូទាត់ថ្លៃ ទំនិញ ឬសេវាផ្សេងៗ បានបើទោះជាគ្មានសាច់ប្រាក់ក្នុងគណនីធនាគារក៏ដោយ ពោលគឺវាជាកាតបំណុលមួយ ដែលគេប្រើក្នុងការទិញទំនិញ ឬ ទូទាត់សេវា និងទូទាត់សងនាពេលក្រោយ។ រៀងរាល់ខែ គេនឹងទទួលបានរបាយការណ៍ពីធនាគារ បង្ហាញពីសមតុល្យទឹកប្រាក់ដែលបានចំណាយលើការទិញ ដូចនេះគេត្រូវចំណាយសងលើថ្លៃទិញទំនិញ និង សេវា កន្លងមក។ ធនាគារនឹងគិតការប្រាក់ ប្រសិនការទូទាត់សងវិញមិនគ្រប់តាមកាលបរិច្ឆេទដែលបានកំណត់។ សំរាប់ការបើកកុងធនាគារជាប្រភេទ Credit Card នេះផងដែរ គឺតម្រូវអោយអ្នកមានការងារ និងការបញ្ជាក់ប្រាក់ចំនូលរបស់អ្នកជាមុនសិន ដើម្បីទទួលបានការប្រើប្រាស់កាតប្រភេទនេះ។ ហើយការតម្រូវនេះដែរ ក៏អាស្រ័យទៅតាមលក្ខ័ណ្ឌរបស់ធនាគារផងដែរ ព្រោះធនាគារមានគោលការណ៍និងលក្ខ័ណ្ឌផ្សេងៗពីគ្នា៕
![]() |
នេះជារូបតំណាង Visa Credit Card របស់ធនាគារអេស៊ីលីដា |
អានបន្ថែម៖ Master Card និង Visa Card ខុសគ្នាដូចម្តេច?
អត្ថបទដោយ៖ Elder Ling